បណ្ណសារចំណាត់ក្រុម៖ អន្តរជាតិ

ផ្អើលអំពីរលកស៊ូណាមីដោយសាររញ្ជួយ​ដី​កម្លាំង​៧,៧​រិ​ច្ឆ​ទ័រ​នៅឥណ្ឌូនេស៊ី​

រញ្ជួយ​ដី​កម្លាំង​ខ្លាំង​មួយ​បាន​កើតឡើង​នៅ​ឯនាយ​ប្រទេស​ឥណ្ឌូនេស៊ី​ខាងលិច​កាលពី​យប់​ថ្ងៃ​ចន្ទ ដោយ​បាន​បង្កអោយមាន​ការព្រមាន​អំពី​រលក​យក្ស​ស៊ូ​ណា​មី​មួយ​ភ្លែត​ដែល​ជាហេតុ​នាំ​អោយ​មនុស្ស​រាប់ពាន់​នាក់​រត់​ចាកចោល​លំនៅដ្ឋាន​របស់​គេ​ទៅ​រក​កន្លែង​មាន​សុវត្ថិភាព​ទាំង​ភិតភ័យ​តក់ប្រមា​។​តែ​ទោះជា​យ៉ាងណា​មិន​មាន​របាយការណ៍​អំពី​ការស្លាប់​ឬ​រងរបួស​ពី​រញ្ជួយ​ព្រះធរណី​នេះ​ទេ​។

ទីភ្នាក់ងារ​អង្កេត​ភូមិសាស្ត្រ​អាមេរិក​បា​និយាយថា​រំញ័​យ​កំរិត​៧,៧​រិ​ច្ឆ​ទ័របាន​កើតឡើង​នៅ​ជំរៅ​២០​គីឡូម៉ែត្រ​ឯនា​យកោះ​ស៊ូ​ម៉ា​ត្រា​។

យ៉ាងហោច​ណាស់​ទីប្រជុំជន​២​នៅក្នុង​ខេត្ត​បេង​គូ​លូ​និង​ស៊ូ​ម៉ា​ត្រា​ខាងលិច​ព្រមទាំង​កោះ​ជិតៗ​នោះ​បាន​រញ្ជួយ​ញាប់​ញ័រ​ជាខ្លាំង​។

សូ​ហ្វ​យ៉ាន់ អា​ឡា​វី អ្នកស្រុក​ម្នាក់​នៅ​ទីប្រជុំជន​ប៉ា​ដាង​បាន​និយាយថា​“​គ្រប់​គ្នា​បាន​រត់​ចេញពីផ្ទះ​នៅពេល​ប្រដាប់​បំពង​សម្លេង​របស់​ព្រះវិហារ​ស្រែក​ព្រមាន​អំពី​ស៊ូ​ណា​មី​។​ផ្លូវ​ឆ្ពោះទៅកាន់​កូន​ភ្នំ​នៅ​ជិតៗ​បាន​ណែន​ទៅដោយ​មនុស្ស រថយន្ត​និង​ទោចក្រយានយន្ត​”​។

អ្នកស្រុក​ឈ្មោះ អាដេ ស្យា​ពូ​ត្រា​បាន​និយាយថា​“​ពួក​យើង​គិតតែ​ខំ​ងាកមើល​ក្រោយ​ក្រែង​ទឹក​ចូលមក​ដល់​”​។

រញ្ជួយ​តូច​កម្លាំង​៥​រិ​ច្ឆ​ទ័របាន​កើតឡើង​នៅ​ជិត​មួយ​ម៉ោង​ក្រោយ​រញ្ជួយ​ពីដំបូង​ហើយ​តំបន់​នោះ​នៅតែ​ប្រុងប្រយ័ត្ន​អំពី​ការរញ្ជួយ​ថែមទៀត​។​ទីភ្នាក់ងារ​អង្កេត​ភូមិសាស្ត្រ​អាមេរិក​បាន​និយាយ​ថា​រញ្ជួយ​កំរិត​៦,១​រិ​ច្ឆ​ទ័របាន​កើតឡើង​នៅ​ម៉ោង​២​និង​៣៧​នាទី​ទៀបភ្លឺ​។

ឥណ្ឌូនេស៊ី​ជា​កម្រង​កោះ​ធំ​បំផុត​ក្នុង​លោក ជា​កន្លែង​ងាយ​រង​រញ្ជួយ​ដី​និង​មាន​ក​សកម្មភាព​ភ្នំភ្លើង​ខ្លាំងជាងគេ​ដោយសារ​ប្រទេស​នេះ​ស្ថិតនៅ​លើ​ទ្រ​នរ​ទ្វីប​ដែល​គេ​ហៅថា​“​កង​ភ្លើង​ប៉ាស៊ីហ្វិក​”​។

ទីប្រជុំជន​ប៉ា​ដាង​នេះ​ធ្លាប់​ត្រូវ​រញ្ជួយ​ដី​កម្លាំង​៧,៦​រិ​ច្ឆ​ទ័រ​បំផ្លាញ​ខ្ទេចខ្ទីរ​កាល​ពី​មួយ​ឆ្នាំ​មុន​ដោយ​បាន​សម្លាប់​មនុស្ស​យ៉ាង​តិច​៧០០​នាក់​និង​បំផ្លាញ​អាគារ​ប្រមាណ​១៨០.០០០​។

រញ្ជួយ​នេះ​បាន​កើតឡើង​ក្រោយ​រញ្ជួយ​ដី​កម្លាំង​៩,១​រិ​ច្ឆ​ទ័រនិង​រលកយ​ក្សស៊ូ​ណាមី​កាលពី​ឆ្នាំ​២០០៤​នៅ​ស៊ូ​ម៉ា​ត្រា​ដែល​បាន​សម្លាប់​មនុស្ស​២៣០.០០០​នាក់​នៅ​ប្រទេស​មួយចំនួន​តែ​ច្រើនជាងគេ​នៅ​ឥណ្ឌូនេស៊ី​។