បណ្ណសារចំណាត់ក្រុម៖ ធាតុអាកាស

​ព្យុះ​ទី​៤​ឈ្មោះ​ហៃ​ម៉ា​នឹង​ធ្វើអោយ​មាន​ភ្លៀង​ច្រើន​នៅ​កម្ពុជា​

ព្យុះ​ឈ្មោះ​ហៃ​ម៉ា​ដែល​ក្រសួង​ធនធាន​ទឹក​បាន​ជូនដំណឹង​កាលពី​ថ្ងៃ​ទី​២១​មិថុនា វា​នឹង​ឡើងគោក​នៅ​កោះ​ហៃណាំ​ធ្វើអោយមាន​ខ្យល់​ខ្លាំង​នៅ​ថ្ងៃ​ទី​២២​និង​ធ្វើអោយ​មាន​ភ្លៀង​ច្រើន​នៅ​ថ្ងៃ​បន្ទាប់   ព្រម​ជាមួយ​គ្នា​នេះ​មានវិ​សម្ពាធ​មួយ​ទៀត​បាន​កើត​នៅ​លើ​ប្រទេស​ហ្វីលីពីន  អាច​នឹង​ក្លាយជា​ព្យុះ​នៅពេល​បន្ទាប់​ទៀត​។

​លោក​ម៉ៅ​ ហាក់​អគ្គនាយករង​ទទួលបន្ទុក​ការងារ​បច្ចេកទេស​នៃ​ក្រសួង​ធនធានទឹក​និយាយ​នៅ​ថ្ងៃទី​២២​មិថុនា​ឆ្នាំ​២០១១​នេះ​ថា​ព្យុះ​ទី​៤​ឈ្មោះ​ហៃ​ម៉ា​ដែល​ក្រសួង​ធនធាន​ទឹក​បាន​ជូនដំណឹង​កាលពី​ថ្ងៃ​ទី​២១​មិថុនា​នោះ​នៅថ្ងៃនេះ​(២២​មិថិនា​)​វា​មាន​ល្បឿន​ទៅ​មុខ​កាន់តែ​យឺត​ហើយ​វា​នឹង​ឡើងគោក​នៅ​កោះ​ហៃណាំ​នា​ថ្ងៃទី​២៣​មិថុនា​អាច​នឹង​បង្ក​អោយ​មាន​ភ្លៀង​ច្រើន​កម្ពុជា  តែ​សម្រាប់​ថ្ងៃទី​២២​មិថុនា​នេះ​មាន​ខ្យល់​ខ្លាំង​។ ព្រម​ពេល​ជាមួយគ្នា​នេះ​មានវិ​សម្ពាធ​មួយ​ទៀត​កំពុងស្ថិត​នៅ​លើ​ប្រទេស​ហ្វីលីពីន  ដែល​អាច​នឹង​ក្លាយជា​ព្យុះ​នៅ​ថ្ងៃ​បន្ទាប់​។

កាលពី​ថ្ងៃ​ទី​២២​មិថុនា​ឆ្នាំ​២០១១ ក្រសួង​ធនធានទឹក​និង​ឧតុនិយម​បាន​ជូនដំណឹង​សាធារណៈ​ថា​នៅវេលា​ម៉ោង​១៣​រសៀល​ថ្ងៃ​ទី​២១​មិថុនា​ឆ្នាំ​២០១១​មាន​ព្យុះ​មួយ​ឈ្មោះ​ហៃ​ម៉ា​កើតមាន​នៅក្នុង​សមុទ្រ​ចិន​ខាងត្បូង ត្រង់​ចំណុច​ខ្សែស្រប​១៩​អង្សា​៧​នៃ​រយៈទទឹង​ខាងជើង និង ខ្សែ​វណ្ឌ​១១៦ នៃ​រយៈបណ្តោយ​ខាងកើត​កំពុង​ធ្វើ​ដំណើរ​ឆ្ពោះ​ទៅ​ភាគ​ខាងជើង​នៃ​កោះ​ហៃណាំ    ក្នុង​ល្បឿន​១៥​គីឡូម៉ែត្រ​ក្នុង​១​ម៉ោង​។ ព្យុះ​នេះ​នឹង​មាន​ឥទ្ធិពល​មកលើ​ព្រះរាជាណាចក្រ​កម្ពុជា​ចាប់ពី​ថ្ងៃ​ទី​២២​ដល់​២៤​មិថុនា​ឆ្នាំ​២០១១  ពិសេស​នៅ​តំបន់​មាត់សមុទ្រ តំបន់​ខ្ពង់រាប​ភាគ​ខាងជើង​និង​តំបន់​ខ្ព​ង​រាប​ឦសាន​។

សេចក្តីជូនដំណឹង​ដែល​ចុះហត្ថលេខា​ដោយ​លោក​លឹម  គានហោ រដ្ឋមន្ត្រី​ក្រសួង​ធនធាន​និង​ឧតុនិយម​ចុះ​ថ្ងៃ​ទី​២១​មិថុនា​នេះ​បង្ហាញអោយឃើញ​ទៀតថា​តំបន់​ខ្ពង់រាប​ភាគ​ខាងជើង និង​តំបន់​ខ្ពង់រាប​ភាគ​ឦសាន​អាចមាន​ភ្លៀង​ធ្លាក់​ច្រើន​និង​បង្ក​អោយ​មាន​ជំនន់​ទឹកភ្លៀង​នៅ​ខេត្ត​មួយចំនួន​ដូចជា​ព្រះវិហារ ឧត្តរ​មានជយ័ ក្រចេះ ស្ទឹងត្រែង រតនគីរី និង​ខេត្ត​មណ្ឌល​គី​រី​។ តំបន់​មាត់សមុទ្រ​មាន​ភ្លៀង​ធ្លាក់​ច្រើន និង មាន​ខ្យល់​បក់បោក​ខ្លាំង​នៅ​ខេត្ត​កោះកុង  ព្រះសីហនុ កែប និង ខេត្ត​កំពត ។  រលក​សមុទ្រ មាន​កម្ពស់​ពី​១-២​ម៉ែត្រ​។ ឥទ្ធិពល​នៃ​ព្យុះ​នេះ​ក៏​ធ្វើអោយ​កម្ពស់​ទឹក​ទន្លេមេគង្គ​ហក់​ឡើង​ផងដែរ​។

លោក​ម៉ៅ​ហាក់​បាន​និយាយ​អោយដឹង​ផង​ដែរ​ថា  ទឹក​ទន្លេមេគង្គ​ចាប់ផ្តើម​មាន​ចលនា ហក់​ឡើង​ហើយ​ព្យុះ​ហៃ​ម៉ា​អាច​នឹង​ធ្វើអោយ​មាន​ភ្លៀង​ធ្លាក​ច្រើន​នៅ​តំបន់​អាង​ទន្លេមេគង្គ ។  នៅ​ថ្ងៃ​ទី​២២​មិថុនា​នេះ​ទឹក​ទន្លេមេគង្គ​នៅ​ស្ថានីយ​ជល​សាស្ត្រ​ទន្លេបាសាក់​ចតុមុខ    មាន​កម្ពស់​៤.២២​ម៉ែត្រ​ខ្ពស់ជាង​ថ្ងៃទី​២១ មិថុនា ០.៣៤​ម៉ែត្រ​ហើយ​នៅ​ថ្ងៃ​ទី​២៣​មិថុនា​ទឹក​នៅ​ស្ថានីយ​នេះ​អាច​នឹង​ឡើង​ដល់​៤.៤៩​ម៉ែត្រ​។

ដកស្រង់ពី កាសែតរស្មីកម្ពុជា ចេញផ្សាយថ្ងៃទី២៣ មិថុនា ២០១១

ខកចិត្តថ្ងៃធ្លាក់ខ្យល់ដំបូង

ព្រឹក​នេះ ជា​ថ្ងៃ​ទី​២៩ ខែតុលា បើ​រាប់​តាម​ថ្ងៃខែ​ខ្មែរ​គឺ​ថ្ងៃ​៦​រោច ខែអស្សុជ​ដែលជា​ថ្ងៃ​ដែល​ជិត​ឈាន​ចូលដល់​ខែ​ក​ក្តិក និង​ជា​ខែ​ធ្លាក់​ខ្យល់​លាយឡំ​នឹង​អាកាសធាតុ​ត្រជាក់​។ ប៉ុន្តែ ថ្ងៃនេះ​នៅ​មិនទាន់​ដល់​ខែ​នោះ​នៅឡើយ​ទេ ស្រាប់តែ​ព្រលឹម​ស្រា​ងៗ​ឡើង​មាន​ខ្យល់​ធ្លាក់​រំភើយៗ​ត្រជាក់​ដល់​បេះដូង​តែម្តង ធ្វើឲ្យ​ខ្ញុំ​នេះរ​ងារដ​ល់​កហ្ម​ង​! ហេ​ហេ​ហេ​…

នឹកឃើញ​កាលពី​ឆ្នាំ​កន្លង​ទៅ កាលពី​នៅ​រៀន​មិនទាន់​មាន​ការងារ​ធ្វើ ឲ្យតែ​ដល់​ខែ​នេះ​គឺ​បបួល​មិត្តភក្តិ​ទៅ​ស្ទូចត្រី​ហើយ​ធ្វើ​អី​ញ៉ាំ​ជុំ​គ្នា​នៅ​មាត់ទឹក មានដូចជា​បុកល្ហុង បង្អែម នំ​គ្រក់ ព្រមទាំង​មាន​ភេសជ្ជៈ និង​គ្រឿង​ម្ជូរ​ទៀតផង​! មិនតែប៉ុណ្ណោះ បន្ទាប់ពី​ហូប​រួច​យើង ក៏​មាន​កម្ម​វី​ធី​ព័ទ្ធ​វង់​ដែរ (​លេងបៀរ​) គិតៗ​ទៅ​សប្បាយ​ម្យ៉ាង​ដែរ​។ ស្រាប់តែ​ពេល​នេះ នឹក​ចង់​មាន​កម្មវិធី​អីចឹង​ទៀត តែ​ទៅ​មិន​រួច​សោះ​ព្រោះ​ការងារ​ត្រូវ​តែ​ធ្វើ​ហើយ​មិន​អាច​បោះបង់​ការងារ​ដោយសារ​ពិធីជប់លៀង​នោះទេ បើ​មិនចឹង​ច្បាស់​ជា​ទាត់​ខ្យល់​មិន​ខាន​។

ប៉ុណ្ណឹង មិន​ជា​រឿង​គួរឲ្យ​សោកស្តាយ​ប៉ុន្មាន​ទេ រឿង​ដែល​ស្តាយ​នោះ​គឺថា ថ្ងៃនេះ​ជា​ថ្ងៃ​ឈប់សម្រាក (​ព្រះរាជ​ពិធី​គ្រងរាជ្យសម្បត្តិ​ព្រះករុណា​សម្តេច​ព្រះបរមនាថ​នរោត្តម​សីហមុនី​) មិត្តភក្តិ​នាំ​គ្នា​ត្រាច់ចរ​ទៅ​កំសាន្ត​នៅ​តាម​រមណីយដ្ឋាន​ផ្សេងៗ​អស់ហើយ តែ​អភ័ព្វ​អី​តែ​ខ្ញុំ​? មិន​បាន​ទៅ​នឹង​គេ ព្រោះ​កាន់​អាជីព​នៅក្នុង​ក្រុមហ៊ុន​កាសែត គ្មាន​ថ្ងៃ​បុណ្យទៀន​នឹង​សោះ​។ មិនដឹង​ជា​កំសត់​អី​ក៏​កំសត់​យ៉ាង​នេះ​ទេ​ខ្ញុំ​! សាក់​គិត​មើល​ហើយ​ស្រ​ម៉ៃ​មើលទៅ មេឃ​ត្រជាក់​ហើយ​ធ្លាក់​ខ្យល់​ពី​ជើង​បែបនេះ បើ​ទៅ​ដើរ​លេង​នឹង​គេ​តើ​សប្បាយ​យ៉ាងណា​?