បណ្ណសារ អ្នកនិពន្ធ៖ ហែន សុថារដ្ឋ

ពួក​សិស្ស​ស្ទាវ​ជិះ​ម៉ូតូ​ដេញ​កាប់​គ្នា ប៉ូលិស​ចាប់​បាន​ពីរ​នាក់​

សិស្សសាលា​ស្ទាវៗ​ពីរ​នាក់ ត្រូវបាន​ប៉ូលិស​ខណ្ឌ​ទួលគោក​ចាប់​ឃាត់ខ្លួន ជាមួយ នឹង ដាវ​សា​ម៉ូ​រ៉ៃ​មួយ​ដើម បន្ទាប់ពី​ពួកគេ​ជិះ​ម៉ូតូ​ដេញ​កាប់​សិស្សសាលា​ដូចគ្នា កាលពី​វេលា​ម៉ោង​៥​និង​៣០ នាទី​ល្ងាច​ថ្ងៃទី​២៨​ខែវិច្ឆិកា នៅ​ក្បែរ​សាលា​សន្ធរម៉ុក ក្នុង​សង្កាត់​ទឹក​ល្អក់​ទី​១ ខណ្ឌ​ទួលគោក​។

ពេល​ដេញ​កាប់​គ្នា​នោះ ជនសង្ស័យ​បាន​ជួប​គ្រោះថ្នាក់​ចរាចរណ៍ បុក​រថយន្ត កាមរី​មួយ​គ្រឿង ដាច់​កញ្ចក់​ចំហៀង​ម្ខាង និង​បុក​កង់​មួយគ្រឿង​ទៀត​បណ្តាល ឱ្យ​ស្ត្រី​ម្នាក់​ដែល ជិះ​កង់ រងរបួស ផងដែរ​។ ស្ត្រី​នោះ​ឈ្មោះ​ប៉ាន ស្រីមុំ អាយុ​៣៨​ឆ្នាំ ស្នាក់នៅ​សង្កាត់​បឹង​សាឡាង ខណ្ឌ​ទួលគោក​។

ជនសង្ស័យ​មាន​ឈ្មោះ​វ៉ា សុវិន អាយុ​១៩​ឆ្នាំ សិស្ស​វិទ្យា ល័យ ជា ស៊ីម សន្ធរម៉ុក និង​ឈ្មោះ​ជា សូ​ឌី​ណា អាយុ​២១​ឆ្នាំ​ជា​និស្សិត​ឆ្នាំ ទី​មួយ​សាកលវិទ្យាល័យ បញ្ញា​សាស្ត្រ​។ ពួកគេ​មាន ទីលំនៅ សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ​។​ចំណែក​ភាគី​ម្ខាង ទៀត​បាន​គេច ខ្លួន ទៅ​បាត់​មិនដឹងថា មាន​រងរបួស ឬ​យ៉ាងណា​នោះទេ​។

ជនសង្ស័យ​ដែល​ប្រដាប់​ដោយ​ដាវ​សា​ម៉ូ​រ៉ៃ ជិះ​ម៉ូតូ​មួយគ្រឿង ម៉ាក​ហុង ដា សេ​១២៥​ឆ្នាំ​២០០៩ ដេញ​កាប់​យុវ​សិស្ស​ពីរ​នាក់ ជិះ​ម៉ូតូ​ហុងដា​អាយ​ខុន ពី​ម្តុំ​សាលា​សន្ធរម៉ុក​រហូតដល់ ក្បែរ​ផ្សារ​សំណង់​១២​ក្នុង​សង្កាត់​ទឹក​ល្អក់​ទី​៣​ហើយ​បាន​ជួប​គ្រោះថ្នាក់​ចរាចរណ៍​ក៏​ត្រូវ​ប៉ូលិស​ចាប់ បាន តែម្តង​៕

វិស័យ​សំណង់​កើន​ជាង​៩៩​ភាគរយ​ក្នុងរយ​:​ពេល​១០​ខែ​ឆ្នាំ​២០១១

គម្រោង​វិនិយោគ​លើ​វិស័យ​សំណង់​មាន​ចំនួន​១៨៥០​គម្រោង លើ​ផ្ទៃក្រឡា​សំណង់​ជាង​៣​លាន​ម៉ែត្រក្រឡា រយ​:​ពេល​១០​ខែ​ឆ្នាំ​២០១១​នេះ ដែល​មាន​ទុន​វិនិយោគ​ប្រមាណ​ជាង​១១០៩​លាន​ដុល្លារ​អាមេរិក គឺ​មាន​ការកើនឡើង​ជា​ង​៩៩​ភាគរយ​បើ​ប្រៀបធៀប​ទៅ​នឹង​រយ​:​ពេល​ដូច​គ្នា​ក្នុង​ឆ្នាំ​២០១០​។  នេះ​បើ​តាម​ការបញ្ជាក់​របស់​នាយកដ្ឋាន​សំណង់​នៃ​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់​កាលពី​ថ្ងៃ​ទី​២៨ ខែវិច្ឆិកា ឆ្នាំ​២០១១​នេះ​។

​ប្រធាន​នាយកដ្ឋាន​សំណង់​នៃ​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់​បានបញ្ជាក់​ថា រាល់​សំណង់​ទាំងនេះ ភាគច្រើន​ប្រើ​ទុន​វិនិយោគ​ក្នុងស្រុក​ច្រើនជាង​។​ទើបតែ​ចុងឆ្នាំ​២០១១​នេះ ទុន​វិនិយោគ​ក្រៅប្រទេស កំពុងតែ​ហក់​ឡើង​។ ភាគច្រើន​នៃ​ការ​ដុះ​លូតលាស់​នៃ​បណ្តា​សំណង់​ទាំងនេះ ជា​ប្រភេទ​សំណង់​ឧស្សាហកម្ម​កាត់ដេរ សំណង់​លំនៅដ្ឋាន ជា​លក្ខណ​:​បូរី គឺ​កើន​ខ្លាំងជាងគេ​។ រោងចក្រ​អគ្គិសនី អាគារ​រដ្ឋបាល​សាធារណ​: និង​សំណង់​ច្រក​សេដ្ឋកិច្ច​ចេញ​-​ចូល​តែ​មួយ​។​ល​។

មន្ត្រី​រូប​នេះ​បាន​បញ្ជាក់ទៀតថា កាលពី​១០​ខែ​ឆ្នាំ​២០១០​គម្រោង​វិនិយោគ​មាន​ចំនួន​១៨៣៥​គម្រោង ស្មើ​នឹង​ផ្ទៃក្រឡា​សំណង់​ជាង​២​លាន​ម៉ែត្រក្រឡា និង​ទុន​វិនិយោគ​ប្រមាណ​ជាង​៥៥​លាន​ដុល្លារ​អាមេរិក​តែប៉ុណ្ណោះ​៕

ណា​សា​​បង្ហោះ​យាន​តំលៃ​២,៥​ពាន់​លាន​ដុល្លារឆ្ពោះទៅ​​ភព​អង្គារ​

អង្គការ​អវកាស​អាមេរិក​បាន​បង្ហោះយា​ន Curiosity ប៉ុន​កូន​រថយន្ត ដែល​មាន​តម្លៃ ២,៥ ពាន់​លាន​ដុល្លារ ដើម្បី​សិក្សា​ថា​ភព​ក្រហម​នេះ អាច​មាន​ជីវិត​ឫ​អត់​ នៅ​ម៉ោង​១០ និង​០២​នាទី កាលពី​ថ្ងៃ​សៅរ៍ នៅ​បញ្ជាការ​កងទ័ព​ជើង​អាកាស Cape Canaveral នៅ​រដ្ឋ Florida​ហើយ​វា​នឹង​ធ្វើដំណើរ​៥៧០​លាន​គីឡូម៉ែត្រ​ក្នុ​រយៈពេល​៨​ខែ​កន្លះ​មុន​ទៅ​ដល់​គោលដៅ​។

​រ៉ុក្កែត Atlas ទំងន់ ៥០០ តោន​បាន​យោង​ទៅ​ជាមួយ​នូវ​យាន​មនុស្ស​យន្ត​ដើរ​ដោយ​ថាមពល​ភ្លុយ​តូនី​ញ៉ូម​ទំហំ​ប៉ុន​រថយន្ត​ឆ្ពោះ​ទៅ​កាន់​ភព​ព្រះ​អង្គារ ។

លោក អាស្វី​ន វ៉ា​សាវ៉ា​ដា អនុប្រធាន​គម្រោង MSL នៅ​មន្ទីរពិសោធន៍ Jet Propulsion Laboratory (JPL) របស់​ណា​សា ក្នុង​ទីក្រុង Pasadena បាន​ថ្លែង​ប្រាប់​នៅឯ​ស​ន្និសិទ​កាសែត​មួយ​កាលពី​ថ្ងៃ​ទី ១០ វិច្ឆិកា​ថា «​នេះ​គឺជា​ម៉ាស៊ីន​ក្នុង​ក្តី​សុ​បិ​ន្ត​របស់​អ្នកវិទ្យាសាស្ត្រ​ស្រាវជ្រាវ​នៅ​ភព​ព្រះ​អង្គារ​» ។

«យាន​មនុស្ស​យន្ត​នេះ​មិន​ត្រឹមតែ​ជា​យាន​មនុស្ស​យន្ត​ដែល​មាន​សមត្ថភាព​ខាង​បច្ចេកវិទ្យា​បំផុត​ដែល​ធ្លាប់​ត្រូវបាន​បញ្ជូន​ទៅ​ភព​ដទៃ​ទៀត​ប៉ុណ្ណោះ​ទេ តែ​វា​ពិត​ជា​អ្នកស្រាវជ្រាវ​ផ្នែក​វិទ្យាសាស្ត្រ​ដ៏​មាន​សមត្ថភាព​បំផុត​ដែល​យើង​ធ្លាប់​បញ្ជូន​ចេញ​ទៅ​ក្រៅ​ភព​» ។

យាន​មនុស្ស​យន្ត Curiosity ត្រូវ​ចាប់ផ្តើម​បាន​បង្កើតឡើង​ក្នុង​ឆ្នាំ ២០០៤ និង មាន​ទំងន់ ១​តោន ធ្ងន់​ជាង​យាន​មនុស្ស​យន្ត​ទៅកាន់​ភព​អង្គារ​ពីរ​គ្រឿង​លើក​មុន​មាន យាន​មនុស្ស​យន្ត Spirit និង Opportunity រហូតដល់​ទៅ​៥ ដង​ឯណោះ ។

​អំឡុងពេល ២៣ ខែ​បន្ទាប់​ពី​ចុះចត​នៅ​លើ​ភព​ព្រះ​អង្គារ  យាន​មនុស្ស​យន្ត Curiosity នឹង​វិភាគ​នូវ​គំរូ​រាប់សិប​គំរូ​ដែល​ទាញយក​ពី​ដុំថ្ម ឬ បារ​ចេញពី​ដី​នៅ​លើ​ភព​ព្រះ​អង្គារ ខណៈ​ដែល​វា​នឹង​ធ្វើការ​រុករក​បាន​ក្នុង​រយៈ​ចំងាយ​ឆ្ងាយ​ជាង​យាន​មនុស្ស​យន្ត​ទៅកាន់​ភព​ព្រះ​អង្គារ​លើក​មុនៗ​ទៅទៀត ៕

​ឆ្កែ​ដ៏​ស្មោះត្រង់​! នៅយាមផ្នូរសពម្ចាស់១៤ឆ្នាំ

ឆ្កែ​ចិន​មួយ​ក្បាល​នេះ​ដែល​មាន​ភក្តីភាព​ចំពោះ​ម្ចាស់​របស់​វា​មិន​ព្រម​ដើរចេញ​ពី​កន្លែង​បញ្ចុះសព​ម្ចាស់​របស់​វា​នោះទេ បើទោះបីជា​វា​មិន​បាន​ស៊ី​អាហារ​អស់​​រយៈពេល​មួយ​សប្តាហ៍​ក៏ដោយ​។

​ឆ្កែ​តូច​ដែល​មាន​រោម​ពណ៌​លឿង​នេះ​បាន​ទៅ​កន្លែង​ផ្នូរ​សព​ម្ចាស់​របស់​វា​ស្ទើរតែ​​រាល់ថ្ងៃ​អស់​រយៈពេល​១៤​ឆ្នាំ​។ នៅពេល​វា​ទៅ​ដល់​កន្លែង​ផ្នូរ​សព​នេះ វា​ដេក​ឬ​​ឈរ​នៅ​តែ​ជិត​កន្លែង​បញ្ចុះសព​ម្ចាស់​របស់​វា បើ​ទោះបីជា​ពេល​ខ្លះ​មាន​ភ្លៀង​ធ្លាក់​ក្តី​។

ម្ចាស់​របស់​ឆ្កែ​ដ៏​ស្មោះត្រង់​នេះ​ឈ្មោះ​ឡៅ ប៉ាន់ ដែល​បាន​ស្លាប់​ក្នុង​អាយុ​៦៨​ឆ្នាំ​​នោះ​បាន​រស់នៅ​តែ​ម្នាក់ឯ​កង​ក្នុងផ្ទះ​ដ៏​តូច​មួយ​ជាមួយ​ឆ្កែ​នេះ​នៅក្នុង​ភូមិ​ប៉ាន​ជាទុន ​ក្នុង​ប្រទេស​ចិន ។

ដោយ​មាន​ចិត្ត​អាណិតអាសូរ​ចំពោះ​ឆ្កែ​នេះ អ្នក​ភូមិ​ម្នាក់​ដែល​រស់នៅ​ក្នុងភូមិ​​នេះដែរ បាន​សម្រេច​ចិត្ត​យក​វា​មក​ចិញ្ចឹម ប៉ុន្តែ វា​បាន​រត់​មក​រក​កន្លែង​ផ្នូរ​សពរបស់​ម្ចាស់​វា​វិញ បើ​ទោះបីជា​អ្នក​ភូមិ​នេះ​បាន​ផ្តល់​អាហារ​គ្រប់គ្រាន់​សំរាប់​វា​ក៏ដោយ​។

​ដោយសារ​តែ​វា​ចេះ​តែរ​ស់មក​រក​កន្លែង​ផ្នូរ​សព​នេះ​ដែល​នាំ​អោយ​ក្តី​អាណិតកាន់តែ​ខ្លាំង​ឡើង​ចំពោះ​វា​នោះ  នៅ​ទីបំផុត អ្នក​ភូមិ​នេះ​និង​មនុស្ស​ដ៏ទៃទៀត​ដែល​រស់នៅ​ក្នុងភូមិ​នេះ​បាន​សុខចិត្ត​យក​អាហារ​ទៅ​អោយ​វា ហើយ​មាន​គំរោងសង់​ខ្ទម​តូច​​មួយ​​នៅក្បែរ​ផ្នូរ​នេះ​សំរាប់​វា​ថែម​ទៀត​៕

ម្ហូបអាហារ និង លំ​ហាត់ប្រាណ​​ជួយ​ពន្យឺតដំណើរ​ទៅរក​ភាព​ចាស់​

ចំណីអាហារ​គឺជា​ផ្នែក​​មួយ​ដ៏​សំខាន់​នៃ​ជីវិត​ប្រចាំថ្ងៃ​របស់​មនុស្ស ។ ម្ហូបអាហារ​ទាំងនោះ​ជួយ​ចិញ្ចឹម​កោសិកា​នៃ​រាងកាយ​របស់​យើង​ ដូច្នេះហើយ​ទើបរាល់​ប្រព័ន្ធ​សរីរាង្គ​របស់​យើង​អាច​ដំណើរការបាន​ជាធម្មតា ។​

​ចំណីអាហារ​ក៏ដូចជា​លំ​ហាត់ប្រាណ​ផងដែរ​គឺជា​កត្តា​ដ៏​សំខាន់​ក្នុង​ដំណើរ​វិវឌ្ឍន៍​ទៅរក​ភាព​ចាស់​ផងដែរ ។ ពួកវា​​ថែមទាំងអាច​បង្កើន​ឬ​បន្ថយល្បឿន​នៃ​ដំណើរ​វិវឌ្ឍន៍​ទៅរក​ភាព​ចាស់​ទៀតផង ។​​ដូច្នេះ​ប្រសិនបើ​គោលដៅ​របស់​អ្នក​គឺ​ដើម្បី​រស់នៅក្នុង​ជីវភាព​ដែលមាន​គុណភាព​ខ្ពស់​ឲ្យ​បាន​កាន់តែ​យូរ ខាងក្រោម​នេះ​គឺជា​ជំរើស​ម្ហូបអាហារ​ល្អ​បំផុត និង​កម្មវិធី​ធ្វើ​លំ​ហាត់ប្រាណ​​មួយចំនួន​ដែល​នឹង​នាំ​អ្នក​ឲ្យ​ឈានដល់​គោលដៅ​ចុងក្រោយ​របស់​អ្នក ។

ចំណីអាហារ​ដែល​ជួយ​ពន្យឺតដំណើរ​វិវឌ្ឍន៍​ទៅរក​ភាព​ចាស់​រួមមាន​៖

ពពួក​ផ្លែ​ប៊័រ​រី : ផ្លែ​ប៊័រ​រី​ជាពិសេស​ក្រុម​ផ្លែ​ប្ល៊ែ​ក​ប៊័រ​រី ផ្លែ​ស្ត្រ៉​រ​ប៊័រ​រី និង​ផ្លែ​ប៊្លូប៊័រ​រី​ មាន​កំរិត​សារធាតុ Flavonoids ឬ​វីតាមីន P ខ្ពស់ ជា​ប្រភេទ​សារធាតុ​មួយ​ប្រឆាំង​អុកស៊ីតកម្ម​ដ៏​មាន​ថាមពល​​បំផុត​ក្នុងចំណោម​សារធាតុ​ដទៃទៀត​ដែល​ជួយ​ដល់​រាងកាយ​ក្នុងការ​ប្រយុទ្ធ​ប្រឆាំងនឹង​ម៉ូលេគុល Free Radicals បំផ្លាញ​សុខភាព​ដែល​បង្ក​ឲ្យ​មាន​ជំងឺមហារីក និង ធ្វើ​ឲ្យ​ចាស់​មុន​អាយុ ។ ផ្លែឈើ​ទាំងនេះ​ក៏​អាចជួយ​ពង្រឹង​ការចងចាំ​ដែល​អន់ថយ​ទៅ​នៅពេល​យើង​ឈានចូល​វ័យ​កាន់តែ​ចាស់​ផងដែរ ។

ពពួក​បន្លែ​ដែលមាន​មែកធាងៈ ទទួលទាន​បន្លែ​ដែលមាន​មែកធាង​ដូចជា​ផ្កា​ខាត់ណា  ស្ពៃក្រញាញ់ ស្ពៃក្តោប ស្ពៃ​ក្រហម បន្លែ​ស្លឹក មើម​ស្ពៃ និង សណ្តែកបណ្តុះ​​ផ្តល់​ឲ្យ​អ្នក​នូវ​ការការពារ​បន្ថែម​ពី​សារធាតុពុល Toxins និង ប្រភេទ​ថ្នាំ​បរទេស​ផ្សេងទៀត​ដែល​ជំរុញ​ល្បឿន​ឲ្យ​ឆាប់​ចាស់ ធ្វើ​ឲ្យ​ប្រព័ន្ធ​ភាពស៊ាំ​ចុះខ្សោយ និង បង្ក​ឲ្យ​មាន​ជំងឺ​ច្រើន ។

ដើម្បី​ទទួលបាន​នូវ​អត្ថប្រយោជន៍​ពី​គុណប្រយោជន៍​នៃ​បន្លែ​ទាំងនោះ អ្នក​ត្រូវតែ​ទទួលទាន​ប្រភេទ​បន្លែ​ដែលមាន​មែកធាង​មួយណា​ក៏បាន​ឲ្យ​បាន ១១៥ ក្រាម​ក្នុង​មួយថ្ងៃ និង​​ល្អ​បំផុត​គឺ​ទទួលទាន​ទាំង​នៅ​ស្រស់ ។

ស្ពី​ណា​ច Spinach (​បន្លែ​ម្យ៉ាង​ដូច​ស្ពៃ​ខ្មៅ​):  Spinach គឺជា​ប្រភេទ​បន្លែ​មួយ​ផ្សេងទៀត​ដ៏​សំខាន់​ក្នុងការ​ទទួលទាន​រាល់ថ្ងៃ ។ Spinach សំបូរ​នូវ​វីតាមីន K ដែល​ក្រៅពី​មាន​សារៈសំខាន់​ក្នុង​ធ្វើ​ឲ្យ​ឈាមកក វា​ក៏​ជួយ​កាត់បន្ថយ​នូវ​ផលប៉ះពាល់​នៃ​ភាព​ចាស់​ទៅលើ​គុណភាព​ឆ្អឹង​ផងដែរ ។ Spinach ក៏​សំបូរ​នូវ​សារធាតុ Zeazanthin និង Lutein (​សារធាតុ​លឿង​ក្នុង​ស៊ុត​) និង​ជីវជាតិ​ទ្រទ្រង់​រាងកាយ ដែល​ជួយ​កាត់បន្ថយ​នូវ​ហានិភ័យ​នៃ​ភាព​ស្រវាំងភ្នែក​ក្នុងចំណោម​មនុស្ស​ចាស់​ផងដែរ ។

ប៉េងប៉ោះ:  ប៉េងប៉ោះ​សំបូរ​នូវ​សារធាតុ​លី​កូ​ពី​ន (Lycopene) ជា​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​ដែល​មិន​ត្រឹមតែ​រ៉ាប់រង​ក្នុងការ​ធ្វើ​ឲ្យ​បន្លែ​និង​ផ្លែឈើ​មាន​ពណ៌​ក្រហម​​ប៉ុណ្ណោះ​ទេ វា​ក៏​ជួយ​ការពារ​ស្បែក​ពី​ការបំផ្លាញ​ដោយ​ពន្លឺព្រះអាទិត្យ និង ជំងឺមហារីក​ផងដែរ ។ ទទួលទាន​ប៉េងប៉ោះ ឬ​ទឹក​ប៉េងប៉ោះ​រាល់ថ្ងៃ​នឹងមិន​ត្រឹមតែ​ផ្តល់​ឲ្យ​អ្នក​នូវ​ស្បែក​ភ្លឺរលោង​ប៉ុណ្ណោះ​ទេ តែ​វា​ក៏​នឹង​ជួយ​ឲ្យ​អ្នក​នៅ​ក្មេង​និង​មាន​សុខ​ភាពល្អ​យូរអង្វែង​ផងដែរ ។

គ្រាប់​រុក្ខជាតិ​ម្យ៉ាង​ឈ្មោះថា​អាល់​ម៉ុង Almond : Almond សំបូរ​នូវ​សារធាតុ​វីតាមីន E ជា​ប្រភេទ​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​ដ៏​មាន​ឥទ្ធិពល​ដែល​ធ្វើ​មុខងារ​ក្នុងការ​ការពារ​សាច់ដុំ​ក៏ដូចជា​ប្រព័ន្ធ​សរសៃប្រសាទ​ផងដែរ ។ ទទួលទាន Almond ជាប្រចាំ​ជួយ​បង្ការ​នូវ​បញ្ហា​ពាក់ព័ន្ធ​ជាមួយ​ល្បឿន លំនឹង​ខ្លួន និង ដំណើរ​ផ្លាស់​ទី​នៃ​រាងកាយ​ដោយ​គ្មា​ភាពឆ្គាំឆ្គង​ផងដែរ ។

​ផ្លែ​អា​វ៉ូ​កាដូ (ផ្លែប៊័រ): Avocado ល្អ​សម្រាប់​សុខភាព​ព្រោះ​វា​មាន​សារធាតុ​ខ្លាញ់​មាន​ប្រយោជន៍​ដែល​ជួយ​កាត់បន្ថយ​នូវ​កំរិត​សារធាតុ​កូ​ឡេស​ស្តូ​រ៉​ល​មិនល្អ ។ វា​ក៏មាន​​ផ្ទុក​នូវ​វីតាមីន E  ដូច្នេះ​វា​ក៏​ល្អ​សម្រាប់​ស្បែក​ផងដែរ ។

ម្សៅការី (Curry Powder)​: សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​ក្នុង​ម្សៅការី​ជួយ​កាត់បន្ថយ​អត្រា​នៃ​ការកើត​ជំងឺ​បាត់​ការចងចាំ​ដែលជា​អា​ការៈកើតឡើង​ទូទៅ​សម្រាប់​​មនុស្ស​ចាស់ ។

​ផ្លែ​ឪឡឹក: ឪឡឹក​រួមទាំង​គ្រាប់​ផងដែរ​គឺ​សំបូរ​នូវ​វីតាមីន A, B, C, និង E បូក​រួមទាំង​សារធាតុ Selenium ស័ង្កសី និង សារធាតុ​ខ្លាញ់​មាន​ប្រយោជន៍ ។ រាល់​សារធាតុ​ទ្រទ្រង់​រាងកាយ​ទាំងអស់នេះ​វា​ដើរតួ​ក្នុង​ការជួយ​ការពារ​ស្បែក​ក៏ដូចជា​រាងកាយ​ពី​ភាព​ចាស់​មុន​អាយុ​ផងដែរ ។

ទឹក: មែនហើយ អ្នក​ប្រហែលជា​មិនដែល​គិតថា​ទឹក​គឺជា​ប្រភេទ​អាហារ​នោះទេ ប៉ុន្តែ​វា​គឺជា​អ្វីមួយ​ដែល​អ្នក​បាន​ផឹក ឬ​ត្រូវតែ​ផឹក​ឲ្យ​បាន​ចំនួន​មួយ​ដ៏​ច្រើន​រាល់ថ្ងៃ ។ ទឹក​មាន​សារធាតុ​ធ្វើ​ឲ្យ​ស្បែក​មាន​សំណើម​ដែល​ជួយ​រក្សា​ស្បែក​ឲ្យ​ទន់​ រលោង និង មើលទៅ​ក្មេង​ជាង​វ័យ ប៉ុន្តែ​លើសពីនេះទៅទៀត​ទឹក​ធ្វើ​ឲ្យ​ការរំលាយ​អាហារ​មាន​ភាពប្រសើរ​​ឡើង ជួយ​សំអាត​នូវ​ប្រព័ន្ធ​ផ្សេងៗ​ក្នុង​រាងកាយ និង ជួយ​លាង​សំអាត​នូវ​ជាតិពុល Toxins ។

ប្រភេទ​លំ​ហាត់ប្រាណ​ដែល​ជួយ​បន្ថយល្បឿន​នៃ​ដំណើរ​វិវឌ្ឍន៍​ទៅរក​ភាព​ចាស់​៖

​លំ​ហាត់ប្រាណ​ធ្វើ​ឲ្យ​បេះដូង​មាន​សុខភាព​ល្អ ។ ការដើរ ការ​ហែល​ទឹក ការ​ជិះ​កង់ ការ​រាំ ការធ្វើ​លំ​ហាត់ប្រាណ​ស្រូបយក​ខ្យល់​អុកស៊ីហ្សែន ឬ ក៏​ទំរង់​នៃ​លំ​ហាត់ប្រាណ​​ជំនួយ​បេះដូង​ផ្សេងៗ​ទៀត នៅពេលដែល​ធ្វើបែបនេះ​ពី១៥នាទី​ទៅ​១​ម៉ោង​ឲ្យ​បាន​៣​ទៅ​៤​ដង​ក្នុង​មួយ​សប្តាហ៍ នឹង​ជួយ​ដល់​ដំណើរការ​មុខងារ​នៃ​បេះដូង ។

លំ​ហាត់ប្រាណ​បែប​តស៊ូ​អត់ធន់ (​រត់ប្រណាំង​) ។ លំ​ហាត់ប្រាណ​បែបនេះ​វា​ជួយ​បង្កើន​ឬ​ទទួលបាន​មកវិញ​នូវ​ការបាត់បង់​គុណភាព​ឆ្អឹង ពង្រឹងកម្លាំង និង តុល្យភាព​ក្នុង​រាងកាយ ។

លំ​ហាត់ប្រាណ​ដែល​ធ្វើ​ឲ្យ​ធូរស្បើយ​ក្នុង​ចិត្ត ។ លំ​ហាត់ប្រាណ​បែប​ពត់ពេន​រាងកាយ (Yoga និង Pilates) អាចជួយ​ពន្យឺត​នូវ​ដំណើរ​វិវឌ្ឍន៍​ទៅរក​ភាព​ចាស់​ដោយ​បង្កើត​នូវ​​តុល្យភាព​ដែលមាន​សុខ​ភាពល្អ​ក្នុងចំណោម​ប្រព័ន្ធ​នានា​ក្នុង​រាងកាយ ៕

​ព្យុះ​ទី​៤​ឈ្មោះ​ហៃ​ម៉ា​នឹង​ធ្វើអោយ​មាន​ភ្លៀង​ច្រើន​នៅ​កម្ពុជា​

ព្យុះ​ឈ្មោះ​ហៃ​ម៉ា​ដែល​ក្រសួង​ធនធាន​ទឹក​បាន​ជូនដំណឹង​កាលពី​ថ្ងៃ​ទី​២១​មិថុនា វា​នឹង​ឡើងគោក​នៅ​កោះ​ហៃណាំ​ធ្វើអោយមាន​ខ្យល់​ខ្លាំង​នៅ​ថ្ងៃ​ទី​២២​និង​ធ្វើអោយ​មាន​ភ្លៀង​ច្រើន​នៅ​ថ្ងៃ​បន្ទាប់   ព្រម​ជាមួយ​គ្នា​នេះ​មានវិ​សម្ពាធ​មួយ​ទៀត​បាន​កើត​នៅ​លើ​ប្រទេស​ហ្វីលីពីន  អាច​នឹង​ក្លាយជា​ព្យុះ​នៅពេល​បន្ទាប់​ទៀត​។

​លោក​ម៉ៅ​ ហាក់​អគ្គនាយករង​ទទួលបន្ទុក​ការងារ​បច្ចេកទេស​នៃ​ក្រសួង​ធនធានទឹក​និយាយ​នៅ​ថ្ងៃទី​២២​មិថុនា​ឆ្នាំ​២០១១​នេះ​ថា​ព្យុះ​ទី​៤​ឈ្មោះ​ហៃ​ម៉ា​ដែល​ក្រសួង​ធនធាន​ទឹក​បាន​ជូនដំណឹង​កាលពី​ថ្ងៃ​ទី​២១​មិថុនា​នោះ​នៅថ្ងៃនេះ​(២២​មិថិនា​)​វា​មាន​ល្បឿន​ទៅ​មុខ​កាន់តែ​យឺត​ហើយ​វា​នឹង​ឡើងគោក​នៅ​កោះ​ហៃណាំ​នា​ថ្ងៃទី​២៣​មិថុនា​អាច​នឹង​បង្ក​អោយ​មាន​ភ្លៀង​ច្រើន​កម្ពុជា  តែ​សម្រាប់​ថ្ងៃទី​២២​មិថុនា​នេះ​មាន​ខ្យល់​ខ្លាំង​។ ព្រម​ពេល​ជាមួយគ្នា​នេះ​មានវិ​សម្ពាធ​មួយ​ទៀត​កំពុងស្ថិត​នៅ​លើ​ប្រទេស​ហ្វីលីពីន  ដែល​អាច​នឹង​ក្លាយជា​ព្យុះ​នៅ​ថ្ងៃ​បន្ទាប់​។

កាលពី​ថ្ងៃ​ទី​២២​មិថុនា​ឆ្នាំ​២០១១ ក្រសួង​ធនធានទឹក​និង​ឧតុនិយម​បាន​ជូនដំណឹង​សាធារណៈ​ថា​នៅវេលា​ម៉ោង​១៣​រសៀល​ថ្ងៃ​ទី​២១​មិថុនា​ឆ្នាំ​២០១១​មាន​ព្យុះ​មួយ​ឈ្មោះ​ហៃ​ម៉ា​កើតមាន​នៅក្នុង​សមុទ្រ​ចិន​ខាងត្បូង ត្រង់​ចំណុច​ខ្សែស្រប​១៩​អង្សា​៧​នៃ​រយៈទទឹង​ខាងជើង និង ខ្សែ​វណ្ឌ​១១៦ នៃ​រយៈបណ្តោយ​ខាងកើត​កំពុង​ធ្វើ​ដំណើរ​ឆ្ពោះ​ទៅ​ភាគ​ខាងជើង​នៃ​កោះ​ហៃណាំ    ក្នុង​ល្បឿន​១៥​គីឡូម៉ែត្រ​ក្នុង​១​ម៉ោង​។ ព្យុះ​នេះ​នឹង​មាន​ឥទ្ធិពល​មកលើ​ព្រះរាជាណាចក្រ​កម្ពុជា​ចាប់ពី​ថ្ងៃ​ទី​២២​ដល់​២៤​មិថុនា​ឆ្នាំ​២០១១  ពិសេស​នៅ​តំបន់​មាត់សមុទ្រ តំបន់​ខ្ពង់រាប​ភាគ​ខាងជើង​និង​តំបន់​ខ្ព​ង​រាប​ឦសាន​។

សេចក្តីជូនដំណឹង​ដែល​ចុះហត្ថលេខា​ដោយ​លោក​លឹម  គានហោ រដ្ឋមន្ត្រី​ក្រសួង​ធនធាន​និង​ឧតុនិយម​ចុះ​ថ្ងៃ​ទី​២១​មិថុនា​នេះ​បង្ហាញអោយឃើញ​ទៀតថា​តំបន់​ខ្ពង់រាប​ភាគ​ខាងជើង និង​តំបន់​ខ្ពង់រាប​ភាគ​ឦសាន​អាចមាន​ភ្លៀង​ធ្លាក់​ច្រើន​និង​បង្ក​អោយ​មាន​ជំនន់​ទឹកភ្លៀង​នៅ​ខេត្ត​មួយចំនួន​ដូចជា​ព្រះវិហារ ឧត្តរ​មានជយ័ ក្រចេះ ស្ទឹងត្រែង រតនគីរី និង​ខេត្ត​មណ្ឌល​គី​រី​។ តំបន់​មាត់សមុទ្រ​មាន​ភ្លៀង​ធ្លាក់​ច្រើន និង មាន​ខ្យល់​បក់បោក​ខ្លាំង​នៅ​ខេត្ត​កោះកុង  ព្រះសីហនុ កែប និង ខេត្ត​កំពត ។  រលក​សមុទ្រ មាន​កម្ពស់​ពី​១-២​ម៉ែត្រ​។ ឥទ្ធិពល​នៃ​ព្យុះ​នេះ​ក៏​ធ្វើអោយ​កម្ពស់​ទឹក​ទន្លេមេគង្គ​ហក់​ឡើង​ផងដែរ​។

លោក​ម៉ៅ​ហាក់​បាន​និយាយ​អោយដឹង​ផង​ដែរ​ថា  ទឹក​ទន្លេមេគង្គ​ចាប់ផ្តើម​មាន​ចលនា ហក់​ឡើង​ហើយ​ព្យុះ​ហៃ​ម៉ា​អាច​នឹង​ធ្វើអោយ​មាន​ភ្លៀង​ធ្លាក​ច្រើន​នៅ​តំបន់​អាង​ទន្លេមេគង្គ ។  នៅ​ថ្ងៃ​ទី​២២​មិថុនា​នេះ​ទឹក​ទន្លេមេគង្គ​នៅ​ស្ថានីយ​ជល​សាស្ត្រ​ទន្លេបាសាក់​ចតុមុខ    មាន​កម្ពស់​៤.២២​ម៉ែត្រ​ខ្ពស់ជាង​ថ្ងៃទី​២១ មិថុនា ០.៣៤​ម៉ែត្រ​ហើយ​នៅ​ថ្ងៃ​ទី​២៣​មិថុនា​ទឹក​នៅ​ស្ថានីយ​នេះ​អាច​នឹង​ឡើង​ដល់​៤.៤៩​ម៉ែត្រ​។

ដកស្រង់ពី កាសែតរស្មីកម្ពុជា ចេញផ្សាយថ្ងៃទី២៣ មិថុនា ២០១១

Chrome OS ​របស់​ក្រុមហ៊ុន Google

សម្រាប់​គ្រប់​គ្នា​ដែល​ធ្លាប់​ប្រើប្រាស់​កុំព្យូទ័រ គឺ​គ្មាន​នរណា​ម្នាក់​ដែល​ថា​មិន​បានលឺ​ពាក្យ​ថា Microsoft Windows នោះឡើយ ប៉ុន្តែ​ថ្មីៗ​នេះ​លោក Linus Upson ដែល​ជា​អនុប្រធាន​ក្រុមហ៊ុន Google បាន​និយាយថា​លោក​បាន​បង្កើត​ប្រព័ន្ធ​ប្រតិបត្តិការ​ដែល​បង្កើតឡើង​ដោយ​ក្រុមហ៊ុន Google ថ្មី​មាន​ឈ្មោះ​ថា Chrome OS ដោយយោង​តាម​ការសិក្សា​ស្រាវជ្រាវ​របស់​ក្រុមហ៊ុន Google ហើយ​លោក Upson ក៏​បន្ថែម​ទៀត​ថា​គាត់​សង្ឈឹម​ថា​ប្រព័ន្ធ​ការងា​រ​រដ្ឋបាល​មួយ​នឹង​ត្រូវ​បាន​ប្រសើរ​ឡើង​ដោយសារ​អ្វីៗ​វា​នឹង​ធ្វើ​បច្ចុប្បន្នភាព (update) តាមរយៈ online ប៉ុន្តែ​វា​នៅ​មាន​បញ្ហា​ដ៏​ធំ​ដែល​ធុរៈកិច្ច (businesses) ជាច្រើន​នៅ​តែ​ប្រើប្រាស់ Microsoft Office ដែល​មិន​អាច​គិតថា​វា​នឹង​ផ្លាស់​ទៅ​ជា​ប្រភេទ​កម្មវិធី​ដែល​មាន​ទម្រង់​និង​មាន​មូលដ្ឋាន​ជា Web ដែល​អាច​រក្សាទុក​ឯក​សារ​តាមរយៈ online បាន​ពេញលេញ​នោះដែរ​។ Google Chrome OS នឹង​មាន​គម្រោង​បញ្ចូល​ទៅក្នុង Net Book នា​ពាក់កណ្ដាល​ឆ្នាំ​២០១១​ក្នុងនោះ HP និង Acer ក៏​ស្ថិត​ក្នុង​គម្រោង​នេះ​ដែល​កុំព្យូទ័រ​ប្រភេទ Net Book មាន​និមិ្មតសញ្ញា​របស់ Google Chrome OS គឺ think Nexus One ដែល​នឹង​ចេញ​ក្នុង​ខែ​ធ្នូ​នេះ​។