គម្រោងវិនិយោគលើវិស័យសំណង់មានចំនួន១៨៥០គម្រោង លើផ្ទៃក្រឡាសំណង់ជាង៣លានម៉ែត្រក្រឡា រយ:ពេល១០ខែឆ្នាំ២០១១នេះ ដែលមានទុនវិនិយោគប្រមាណជាង១១០៩លានដុល្លារអាមេរិក គឺមានការកើនឡើងជាង៩៩ភាគរយបើប្រៀបធៀបទៅនឹងរយ:ពេលដូចគ្នាក្នុងឆ្នាំ២០១០។ នេះបើតាមការបញ្ជាក់របស់នាយកដ្ឋានសំណង់នៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់កាលពីថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១១នេះ។
ប្រធាននាយកដ្ឋានសំណង់នៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់បានបញ្ជាក់ថា រាល់សំណង់ទាំងនេះ ភាគច្រើនប្រើទុនវិនិយោគក្នុងស្រុកច្រើនជាង។ទើបតែចុងឆ្នាំ២០១១នេះ ទុនវិនិយោគក្រៅប្រទេស កំពុងតែហក់ឡើង។ ភាគច្រើននៃការដុះលូតលាស់នៃបណ្តាសំណង់ទាំងនេះ ជាប្រភេទសំណង់ឧស្សាហកម្មកាត់ដេរ សំណង់លំនៅដ្ឋាន ជាលក្ខណ:បូរី គឺកើនខ្លាំងជាងគេ។ រោងចក្រអគ្គិសនី អាគាររដ្ឋបាលសាធារណ: និងសំណង់ច្រកសេដ្ឋកិច្ចចេញ-ចូលតែមួយ។ល។
មន្ត្រីរូបនេះបានបញ្ជាក់ទៀតថា កាលពី១០ខែឆ្នាំ២០១០គម្រោងវិនិយោគមានចំនួន១៨៣៥គម្រោង ស្មើនឹងផ្ទៃក្រឡាសំណង់ជាង២លានម៉ែត្រក្រឡា និងទុនវិនិយោគប្រមាណជាង៥៥លានដុល្លារអាមេរិកតែប៉ុណ្ណោះ៕






