បណ្ណសារប្រចាំថ្ងៃ៖ ខែវិច្ឆិកា 24, 2011

ម្ហូបអាហារ និង លំ​ហាត់ប្រាណ​​ជួយ​ពន្យឺតដំណើរ​ទៅរក​ភាព​ចាស់​

ចំណីអាហារ​គឺជា​ផ្នែក​​មួយ​ដ៏​សំខាន់​នៃ​ជីវិត​ប្រចាំថ្ងៃ​របស់​មនុស្ស ។ ម្ហូបអាហារ​ទាំងនោះ​ជួយ​ចិញ្ចឹម​កោសិកា​នៃ​រាងកាយ​របស់​យើង​ ដូច្នេះហើយ​ទើបរាល់​ប្រព័ន្ធ​សរីរាង្គ​របស់​យើង​អាច​ដំណើរការបាន​ជាធម្មតា ។​

​ចំណីអាហារ​ក៏ដូចជា​លំ​ហាត់ប្រាណ​ផងដែរ​គឺជា​កត្តា​ដ៏​សំខាន់​ក្នុង​ដំណើរ​វិវឌ្ឍន៍​ទៅរក​ភាព​ចាស់​ផងដែរ ។ ពួកវា​​ថែមទាំងអាច​បង្កើន​ឬ​បន្ថយល្បឿន​នៃ​ដំណើរ​វិវឌ្ឍន៍​ទៅរក​ភាព​ចាស់​ទៀតផង ។​​ដូច្នេះ​ប្រសិនបើ​គោលដៅ​របស់​អ្នក​គឺ​ដើម្បី​រស់នៅក្នុង​ជីវភាព​ដែលមាន​គុណភាព​ខ្ពស់​ឲ្យ​បាន​កាន់តែ​យូរ ខាងក្រោម​នេះ​គឺជា​ជំរើស​ម្ហូបអាហារ​ល្អ​បំផុត និង​កម្មវិធី​ធ្វើ​លំ​ហាត់ប្រាណ​​មួយចំនួន​ដែល​នឹង​នាំ​អ្នក​ឲ្យ​ឈានដល់​គោលដៅ​ចុងក្រោយ​របស់​អ្នក ។

ចំណីអាហារ​ដែល​ជួយ​ពន្យឺតដំណើរ​វិវឌ្ឍន៍​ទៅរក​ភាព​ចាស់​រួមមាន​៖

ពពួក​ផ្លែ​ប៊័រ​រី : ផ្លែ​ប៊័រ​រី​ជាពិសេស​ក្រុម​ផ្លែ​ប្ល៊ែ​ក​ប៊័រ​រី ផ្លែ​ស្ត្រ៉​រ​ប៊័រ​រី និង​ផ្លែ​ប៊្លូប៊័រ​រី​ មាន​កំរិត​សារធាតុ Flavonoids ឬ​វីតាមីន P ខ្ពស់ ជា​ប្រភេទ​សារធាតុ​មួយ​ប្រឆាំង​អុកស៊ីតកម្ម​ដ៏​មាន​ថាមពល​​បំផុត​ក្នុងចំណោម​សារធាតុ​ដទៃទៀត​ដែល​ជួយ​ដល់​រាងកាយ​ក្នុងការ​ប្រយុទ្ធ​ប្រឆាំងនឹង​ម៉ូលេគុល Free Radicals បំផ្លាញ​សុខភាព​ដែល​បង្ក​ឲ្យ​មាន​ជំងឺមហារីក និង ធ្វើ​ឲ្យ​ចាស់​មុន​អាយុ ។ ផ្លែឈើ​ទាំងនេះ​ក៏​អាចជួយ​ពង្រឹង​ការចងចាំ​ដែល​អន់ថយ​ទៅ​នៅពេល​យើង​ឈានចូល​វ័យ​កាន់តែ​ចាស់​ផងដែរ ។

ពពួក​បន្លែ​ដែលមាន​មែកធាងៈ ទទួលទាន​បន្លែ​ដែលមាន​មែកធាង​ដូចជា​ផ្កា​ខាត់ណា  ស្ពៃក្រញាញ់ ស្ពៃក្តោប ស្ពៃ​ក្រហម បន្លែ​ស្លឹក មើម​ស្ពៃ និង សណ្តែកបណ្តុះ​​ផ្តល់​ឲ្យ​អ្នក​នូវ​ការការពារ​បន្ថែម​ពី​សារធាតុពុល Toxins និង ប្រភេទ​ថ្នាំ​បរទេស​ផ្សេងទៀត​ដែល​ជំរុញ​ល្បឿន​ឲ្យ​ឆាប់​ចាស់ ធ្វើ​ឲ្យ​ប្រព័ន្ធ​ភាពស៊ាំ​ចុះខ្សោយ និង បង្ក​ឲ្យ​មាន​ជំងឺ​ច្រើន ។

ដើម្បី​ទទួលបាន​នូវ​អត្ថប្រយោជន៍​ពី​គុណប្រយោជន៍​នៃ​បន្លែ​ទាំងនោះ អ្នក​ត្រូវតែ​ទទួលទាន​ប្រភេទ​បន្លែ​ដែលមាន​មែកធាង​មួយណា​ក៏បាន​ឲ្យ​បាន ១១៥ ក្រាម​ក្នុង​មួយថ្ងៃ និង​​ល្អ​បំផុត​គឺ​ទទួលទាន​ទាំង​នៅ​ស្រស់ ។

ស្ពី​ណា​ច Spinach (​បន្លែ​ម្យ៉ាង​ដូច​ស្ពៃ​ខ្មៅ​):  Spinach គឺជា​ប្រភេទ​បន្លែ​មួយ​ផ្សេងទៀត​ដ៏​សំខាន់​ក្នុងការ​ទទួលទាន​រាល់ថ្ងៃ ។ Spinach សំបូរ​នូវ​វីតាមីន K ដែល​ក្រៅពី​មាន​សារៈសំខាន់​ក្នុង​ធ្វើ​ឲ្យ​ឈាមកក វា​ក៏​ជួយ​កាត់បន្ថយ​នូវ​ផលប៉ះពាល់​នៃ​ភាព​ចាស់​ទៅលើ​គុណភាព​ឆ្អឹង​ផងដែរ ។ Spinach ក៏​សំបូរ​នូវ​សារធាតុ Zeazanthin និង Lutein (​សារធាតុ​លឿង​ក្នុង​ស៊ុត​) និង​ជីវជាតិ​ទ្រទ្រង់​រាងកាយ ដែល​ជួយ​កាត់បន្ថយ​នូវ​ហានិភ័យ​នៃ​ភាព​ស្រវាំងភ្នែក​ក្នុងចំណោម​មនុស្ស​ចាស់​ផងដែរ ។

ប៉េងប៉ោះ:  ប៉េងប៉ោះ​សំបូរ​នូវ​សារធាតុ​លី​កូ​ពី​ន (Lycopene) ជា​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​ដែល​មិន​ត្រឹមតែ​រ៉ាប់រង​ក្នុងការ​ធ្វើ​ឲ្យ​បន្លែ​និង​ផ្លែឈើ​មាន​ពណ៌​ក្រហម​​ប៉ុណ្ណោះ​ទេ វា​ក៏​ជួយ​ការពារ​ស្បែក​ពី​ការបំផ្លាញ​ដោយ​ពន្លឺព្រះអាទិត្យ និង ជំងឺមហារីក​ផងដែរ ។ ទទួលទាន​ប៉េងប៉ោះ ឬ​ទឹក​ប៉េងប៉ោះ​រាល់ថ្ងៃ​នឹងមិន​ត្រឹមតែ​ផ្តល់​ឲ្យ​អ្នក​នូវ​ស្បែក​ភ្លឺរលោង​ប៉ុណ្ណោះ​ទេ តែ​វា​ក៏​នឹង​ជួយ​ឲ្យ​អ្នក​នៅ​ក្មេង​និង​មាន​សុខ​ភាពល្អ​យូរអង្វែង​ផងដែរ ។

គ្រាប់​រុក្ខជាតិ​ម្យ៉ាង​ឈ្មោះថា​អាល់​ម៉ុង Almond : Almond សំបូរ​នូវ​សារធាតុ​វីតាមីន E ជា​ប្រភេទ​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​ដ៏​មាន​ឥទ្ធិពល​ដែល​ធ្វើ​មុខងារ​ក្នុងការ​ការពារ​សាច់ដុំ​ក៏ដូចជា​ប្រព័ន្ធ​សរសៃប្រសាទ​ផងដែរ ។ ទទួលទាន Almond ជាប្រចាំ​ជួយ​បង្ការ​នូវ​បញ្ហា​ពាក់ព័ន្ធ​ជាមួយ​ល្បឿន លំនឹង​ខ្លួន និង ដំណើរ​ផ្លាស់​ទី​នៃ​រាងកាយ​ដោយ​គ្មា​ភាពឆ្គាំឆ្គង​ផងដែរ ។

​ផ្លែ​អា​វ៉ូ​កាដូ (ផ្លែប៊័រ): Avocado ល្អ​សម្រាប់​សុខភាព​ព្រោះ​វា​មាន​សារធាតុ​ខ្លាញ់​មាន​ប្រយោជន៍​ដែល​ជួយ​កាត់បន្ថយ​នូវ​កំរិត​សារធាតុ​កូ​ឡេស​ស្តូ​រ៉​ល​មិនល្អ ។ វា​ក៏មាន​​ផ្ទុក​នូវ​វីតាមីន E  ដូច្នេះ​វា​ក៏​ល្អ​សម្រាប់​ស្បែក​ផងដែរ ។

ម្សៅការី (Curry Powder)​: សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​ក្នុង​ម្សៅការី​ជួយ​កាត់បន្ថយ​អត្រា​នៃ​ការកើត​ជំងឺ​បាត់​ការចងចាំ​ដែលជា​អា​ការៈកើតឡើង​ទូទៅ​សម្រាប់​​មនុស្ស​ចាស់ ។

​ផ្លែ​ឪឡឹក: ឪឡឹក​រួមទាំង​គ្រាប់​ផងដែរ​គឺ​សំបូរ​នូវ​វីតាមីន A, B, C, និង E បូក​រួមទាំង​សារធាតុ Selenium ស័ង្កសី និង សារធាតុ​ខ្លាញ់​មាន​ប្រយោជន៍ ។ រាល់​សារធាតុ​ទ្រទ្រង់​រាងកាយ​ទាំងអស់នេះ​វា​ដើរតួ​ក្នុង​ការជួយ​ការពារ​ស្បែក​ក៏ដូចជា​រាងកាយ​ពី​ភាព​ចាស់​មុន​អាយុ​ផងដែរ ។

ទឹក: មែនហើយ អ្នក​ប្រហែលជា​មិនដែល​គិតថា​ទឹក​គឺជា​ប្រភេទ​អាហារ​នោះទេ ប៉ុន្តែ​វា​គឺជា​អ្វីមួយ​ដែល​អ្នក​បាន​ផឹក ឬ​ត្រូវតែ​ផឹក​ឲ្យ​បាន​ចំនួន​មួយ​ដ៏​ច្រើន​រាល់ថ្ងៃ ។ ទឹក​មាន​សារធាតុ​ធ្វើ​ឲ្យ​ស្បែក​មាន​សំណើម​ដែល​ជួយ​រក្សា​ស្បែក​ឲ្យ​ទន់​ រលោង និង មើលទៅ​ក្មេង​ជាង​វ័យ ប៉ុន្តែ​លើសពីនេះទៅទៀត​ទឹក​ធ្វើ​ឲ្យ​ការរំលាយ​អាហារ​មាន​ភាពប្រសើរ​​ឡើង ជួយ​សំអាត​នូវ​ប្រព័ន្ធ​ផ្សេងៗ​ក្នុង​រាងកាយ និង ជួយ​លាង​សំអាត​នូវ​ជាតិពុល Toxins ។

ប្រភេទ​លំ​ហាត់ប្រាណ​ដែល​ជួយ​បន្ថយល្បឿន​នៃ​ដំណើរ​វិវឌ្ឍន៍​ទៅរក​ភាព​ចាស់​៖

​លំ​ហាត់ប្រាណ​ធ្វើ​ឲ្យ​បេះដូង​មាន​សុខភាព​ល្អ ។ ការដើរ ការ​ហែល​ទឹក ការ​ជិះ​កង់ ការ​រាំ ការធ្វើ​លំ​ហាត់ប្រាណ​ស្រូបយក​ខ្យល់​អុកស៊ីហ្សែន ឬ ក៏​ទំរង់​នៃ​លំ​ហាត់ប្រាណ​​ជំនួយ​បេះដូង​ផ្សេងៗ​ទៀត នៅពេលដែល​ធ្វើបែបនេះ​ពី១៥នាទី​ទៅ​១​ម៉ោង​ឲ្យ​បាន​៣​ទៅ​៤​ដង​ក្នុង​មួយ​សប្តាហ៍ នឹង​ជួយ​ដល់​ដំណើរការ​មុខងារ​នៃ​បេះដូង ។

លំ​ហាត់ប្រាណ​បែប​តស៊ូ​អត់ធន់ (​រត់ប្រណាំង​) ។ លំ​ហាត់ប្រាណ​បែបនេះ​វា​ជួយ​បង្កើន​ឬ​ទទួលបាន​មកវិញ​នូវ​ការបាត់បង់​គុណភាព​ឆ្អឹង ពង្រឹងកម្លាំង និង តុល្យភាព​ក្នុង​រាងកាយ ។

លំ​ហាត់ប្រាណ​ដែល​ធ្វើ​ឲ្យ​ធូរស្បើយ​ក្នុង​ចិត្ត ។ លំ​ហាត់ប្រាណ​បែប​ពត់ពេន​រាងកាយ (Yoga និង Pilates) អាចជួយ​ពន្យឺត​នូវ​ដំណើរ​វិវឌ្ឍន៍​ទៅរក​ភាព​ចាស់​ដោយ​បង្កើត​នូវ​​តុល្យភាព​ដែលមាន​សុខ​ភាពល្អ​ក្នុងចំណោម​ប្រព័ន្ធ​នានា​ក្នុង​រាងកាយ ៕