បណ្ណសារ ប្រចាំខែ៖ ខែមិថុនា 2011

​ព្យុះ​ទី​៤​ឈ្មោះ​ហៃ​ម៉ា​នឹង​ធ្វើអោយ​មាន​ភ្លៀង​ច្រើន​នៅ​កម្ពុជា​

ព្យុះ​ឈ្មោះ​ហៃ​ម៉ា​ដែល​ក្រសួង​ធនធាន​ទឹក​បាន​ជូនដំណឹង​កាលពី​ថ្ងៃ​ទី​២១​មិថុនា វា​នឹង​ឡើងគោក​នៅ​កោះ​ហៃណាំ​ធ្វើអោយមាន​ខ្យល់​ខ្លាំង​នៅ​ថ្ងៃ​ទី​២២​និង​ធ្វើអោយ​មាន​ភ្លៀង​ច្រើន​នៅ​ថ្ងៃ​បន្ទាប់   ព្រម​ជាមួយ​គ្នា​នេះ​មានវិ​សម្ពាធ​មួយ​ទៀត​បាន​កើត​នៅ​លើ​ប្រទេស​ហ្វីលីពីន  អាច​នឹង​ក្លាយជា​ព្យុះ​នៅពេល​បន្ទាប់​ទៀត​។

​លោក​ម៉ៅ​ ហាក់​អគ្គនាយករង​ទទួលបន្ទុក​ការងារ​បច្ចេកទេស​នៃ​ក្រសួង​ធនធានទឹក​និយាយ​នៅ​ថ្ងៃទី​២២​មិថុនា​ឆ្នាំ​២០១១​នេះ​ថា​ព្យុះ​ទី​៤​ឈ្មោះ​ហៃ​ម៉ា​ដែល​ក្រសួង​ធនធាន​ទឹក​បាន​ជូនដំណឹង​កាលពី​ថ្ងៃ​ទី​២១​មិថុនា​នោះ​នៅថ្ងៃនេះ​(២២​មិថិនា​)​វា​មាន​ល្បឿន​ទៅ​មុខ​កាន់តែ​យឺត​ហើយ​វា​នឹង​ឡើងគោក​នៅ​កោះ​ហៃណាំ​នា​ថ្ងៃទី​២៣​មិថុនា​អាច​នឹង​បង្ក​អោយ​មាន​ភ្លៀង​ច្រើន​កម្ពុជា  តែ​សម្រាប់​ថ្ងៃទី​២២​មិថុនា​នេះ​មាន​ខ្យល់​ខ្លាំង​។ ព្រម​ពេល​ជាមួយគ្នា​នេះ​មានវិ​សម្ពាធ​មួយ​ទៀត​កំពុងស្ថិត​នៅ​លើ​ប្រទេស​ហ្វីលីពីន  ដែល​អាច​នឹង​ក្លាយជា​ព្យុះ​នៅ​ថ្ងៃ​បន្ទាប់​។

កាលពី​ថ្ងៃ​ទី​២២​មិថុនា​ឆ្នាំ​២០១១ ក្រសួង​ធនធានទឹក​និង​ឧតុនិយម​បាន​ជូនដំណឹង​សាធារណៈ​ថា​នៅវេលា​ម៉ោង​១៣​រសៀល​ថ្ងៃ​ទី​២១​មិថុនា​ឆ្នាំ​២០១១​មាន​ព្យុះ​មួយ​ឈ្មោះ​ហៃ​ម៉ា​កើតមាន​នៅក្នុង​សមុទ្រ​ចិន​ខាងត្បូង ត្រង់​ចំណុច​ខ្សែស្រប​១៩​អង្សា​៧​នៃ​រយៈទទឹង​ខាងជើង និង ខ្សែ​វណ្ឌ​១១៦ នៃ​រយៈបណ្តោយ​ខាងកើត​កំពុង​ធ្វើ​ដំណើរ​ឆ្ពោះ​ទៅ​ភាគ​ខាងជើង​នៃ​កោះ​ហៃណាំ    ក្នុង​ល្បឿន​១៥​គីឡូម៉ែត្រ​ក្នុង​១​ម៉ោង​។ ព្យុះ​នេះ​នឹង​មាន​ឥទ្ធិពល​មកលើ​ព្រះរាជាណាចក្រ​កម្ពុជា​ចាប់ពី​ថ្ងៃ​ទី​២២​ដល់​២៤​មិថុនា​ឆ្នាំ​២០១១  ពិសេស​នៅ​តំបន់​មាត់សមុទ្រ តំបន់​ខ្ពង់រាប​ភាគ​ខាងជើង​និង​តំបន់​ខ្ព​ង​រាប​ឦសាន​។

សេចក្តីជូនដំណឹង​ដែល​ចុះហត្ថលេខា​ដោយ​លោក​លឹម  គានហោ រដ្ឋមន្ត្រី​ក្រសួង​ធនធាន​និង​ឧតុនិយម​ចុះ​ថ្ងៃ​ទី​២១​មិថុនា​នេះ​បង្ហាញអោយឃើញ​ទៀតថា​តំបន់​ខ្ពង់រាប​ភាគ​ខាងជើង និង​តំបន់​ខ្ពង់រាប​ភាគ​ឦសាន​អាចមាន​ភ្លៀង​ធ្លាក់​ច្រើន​និង​បង្ក​អោយ​មាន​ជំនន់​ទឹកភ្លៀង​នៅ​ខេត្ត​មួយចំនួន​ដូចជា​ព្រះវិហារ ឧត្តរ​មានជយ័ ក្រចេះ ស្ទឹងត្រែង រតនគីរី និង​ខេត្ត​មណ្ឌល​គី​រី​។ តំបន់​មាត់សមុទ្រ​មាន​ភ្លៀង​ធ្លាក់​ច្រើន និង មាន​ខ្យល់​បក់បោក​ខ្លាំង​នៅ​ខេត្ត​កោះកុង  ព្រះសីហនុ កែប និង ខេត្ត​កំពត ។  រលក​សមុទ្រ មាន​កម្ពស់​ពី​១-២​ម៉ែត្រ​។ ឥទ្ធិពល​នៃ​ព្យុះ​នេះ​ក៏​ធ្វើអោយ​កម្ពស់​ទឹក​ទន្លេមេគង្គ​ហក់​ឡើង​ផងដែរ​។

លោក​ម៉ៅ​ហាក់​បាន​និយាយ​អោយដឹង​ផង​ដែរ​ថា  ទឹក​ទន្លេមេគង្គ​ចាប់ផ្តើម​មាន​ចលនា ហក់​ឡើង​ហើយ​ព្យុះ​ហៃ​ម៉ា​អាច​នឹង​ធ្វើអោយ​មាន​ភ្លៀង​ធ្លាក​ច្រើន​នៅ​តំបន់​អាង​ទន្លេមេគង្គ ។  នៅ​ថ្ងៃ​ទី​២២​មិថុនា​នេះ​ទឹក​ទន្លេមេគង្គ​នៅ​ស្ថានីយ​ជល​សាស្ត្រ​ទន្លេបាសាក់​ចតុមុខ    មាន​កម្ពស់​៤.២២​ម៉ែត្រ​ខ្ពស់ជាង​ថ្ងៃទី​២១ មិថុនា ០.៣៤​ម៉ែត្រ​ហើយ​នៅ​ថ្ងៃ​ទី​២៣​មិថុនា​ទឹក​នៅ​ស្ថានីយ​នេះ​អាច​នឹង​ឡើង​ដល់​៤.៤៩​ម៉ែត្រ​។

ដកស្រង់ពី កាសែតរស្មីកម្ពុជា ចេញផ្សាយថ្ងៃទី២៣ មិថុនា ២០១១