បើតាមវចនានុក្រមខែ្មររបស់សមេ្តចព្រះសង្ឃរាជជួន ណាត បានពន្យល់ថា ស្រ្តីគ្រប់លក្ខណ៍មានន័យថា ស្រី្តដែលបរិបូណ៌ដោយលក្ខណៈល្អ។ តាមច្បាប់ស្រី របស់បណ្ឌិតម៉ឺន មៃ លោកពុំបានកំណត់ថាស្រី្តគ្រប់លក្ខណ៍ត្រូវមានលក្ខណៈល្អ ប៉ុន្មានប្រការទេ ។ប៉ុនែ្ត លោកបានហៅស្រី្តខាតលក្ខណ៍ចំពោះនារីណាដែលពុំមានចរិយាល្អក្នុងឥរិយាបទ ដេក ដើរ ឈរ អង្គុយ ឬបង្អាញ ប្ញកដាក់ប្រុសៗ ហើយប្រុសៗបានចិត្តហ៊ានលូកលាន់រូបរាងកាយ ក្រៅពីនេះលោកបណ្ឌិត បានដាក់ ចេញនូវក្រម សីលធម៌ដ៏តឹងរ៉ឹងសម្រាប់ស្រីអំពីការថែរក្សាភ្នក់ភ្លើងទាំងបីគឺ :
ភ្លើងក្រៅកុំនាំទៅក្នុង ឲ្យឆេះរីកធំផ្តុំបង្កាត់ ភ្លើងក្នុងមិនប្រុងប្រយ័ត្ន នាំមកបង្កាត់ឲ្យឆេះឯក្រៅ អុជអាលបណ្តាលឲ្យក្តៅ ដាលដល់កូនចៅអសោចិ៍អប្រិយ ។ ភ្លើងមួយនោះរក្សា គឺគុណមាតាបិតាស្ងួនគ្រង ឲ្យនាងធ្វើដោយគន្លង ប្រតិបត្តិកុំឆ្គងនឹងឪពុកម្តាយ។ ភ្លើងមួយកុំ បែងក្រឡា គឺបី្តអាត្មាស្ថិតសេ្ថររួមរ័ក្ស។
ដូចេ្នះភ្នក់ភ្លើងទាំងបីនោះគឺ ទី1-ភ្លើងក្រៅ ភ្លើងក្នុង ពោលគឺស្រីត្រូវប្រុងប្រយ័ត្ន រវាងញាតិសណ្តាននៅក្រៅ ផ្ទះ និងមនុស្សក្នុងផ្ទះ ចៀសវាងនាំពាក្យមិនល្អចុះឡើង ដែលបណ្តាលនាំឲ្យកើតជម្លោះបែកបាក់ ហើយដែលលោកចាត់ ទុកជាភ្នក់ភ្លើងមួយ។ ទី2-ការយកចិត្តទុកដាក់ផ្គាប់ផ្គុនសងគុណឪពុកម្តាយទាំងសងខាង ក៏ជាប្រភពនៃ សុភមង្គលមួយក្នុងរង្វង់គ្រួសារដែរ ព្រោះការខ្វះភាពកក់ក្តៅពីឪពុកម្តាយ ឬឪពុកម្តាយ កេ្មក ក៏ជាភ្នក់ភ្លើងមួយអាចឆាបឆេះ សុភមង្គលគ្រួសារបានដែរ ។ឯភ្នក់ភ្លើងទី3នោះ គឺត្រូវយកចិត្តទុកដាក់ ប្រណិបត្តន៍ប្តី ដែលជាកត្តាសំខាន់បំផុតក្នុង សុភមង្គលគ្រួសារ។
មិនអាចបដិសេធបានទេ។ សម័យកាលណាក៏ដោយលក្ខណៈល្អរបស់ស្រី្ត នៅត្រង់ចំណុចទាំងនេះដែលជាបញ្ហា ធ្វើឲ្យមានការយោគយល់គ្នាក្នុងគ្រួសារ ក្នុងសង្គម ព្រោះការប្រុងប្រយ័ត្ននេះធើ្វឲ្យមានសេចកី្តសុខជានិរន្តរ៍។ ប៉ុនែ្ត អ្វីដែលគួរពិចារណានោះត្រង់ថា តើបុរសវិញមិនចាំបាច់រក្សាភ្នក់ភ្លើងទាំងបីទេឬ? ហេតុដូចមេ្តចក៏បុរាណលោកប្រដៅតែស្រី្ត?
ការបែងចែកតួនាទីក្នុងផ្ទះមកឲ្យស្រី្តបែបនេះ គឺជាការរើសអើងមួយ តែក្រៅពីនេះគួរឲ្យកោតសរសើរណាស់ដែរត្រង់ថា បណ្ឌិតមៃ ប្រដៅស្រីឲ្យខំរៀនច្បាប់ស្រី រៀនត្បាញរវៃឆ្លៀតឱកាសជួយសេដ្ឋកិច្ចគ្រួសារ។ ហើយ បើមើលទៅច្បាប់ប្រុសវិញនោះយើងឃើញថា លោកក៏មិនបន្ធូរដៃឲ្យបុរសដែរ លោកបានប្រដៅបុរស ឲ្យស្ទុះស្ទារធើ្វការងារក្រៅផ្ទះ ក្នុងផ្ទះសព្វសារពើ សមល្មមឲ្យភរិយាគោរព ប្រណិបត្តិន៍បី្តបានដែរ ព្រោះបើតាមច្បាប់ប្រុសនោះ បី្តល្អមិនធើ្វឲ្យខុសចិត្តប្រពន្ធ ឡើយ។ រាល់កិច្ចការរបស់ខ្លួនត្រូវបំពេញមិនបាច់ប្រពន្ធដាស់តឿនទេ។លោកក៏ប្រដៅបុរសឲ្យសួរចិត្ត ប្រពន្ធក្នុងការចាយវាយទ្រព្យរបស់ដែរ ថែមទាំងឲ្យប្រុងប្រយ័ត្ននឹងចម្គួតទាំងបី គឺឆ្គួតស្រី ឆ្គួតស្រា ឆ្គួតលែ្បងពាលា ផងដែរ។
និយាយរួមបណ្ឌិតមៃ ក៏បានប្រដៅប្រុសៗឲ្យខ្លួនប្រុសគ្រប់លក្ខណ៍ដែរ គ្រាន់តែការបែងចែកថា អី្វជាលក្ខណ៍ស្រី្ត និងអី្វជាលក្ខណ៍បុរសតែប៉ុណ្ណោះ។ ហើយនេះ ក៏ប្រហែលមកពីសម័យកាលនោះ មនុស្សកំពុងប្រយុទ្ធនឹងជីវិតធម្មជាតិ ជីវិតរស់នៅបែបនោះ វាទាមទារឲ្យប្រុសអ្នកសាច់ដុំធំ ត្រូវតែចេញទៅធើ្វការនៅវាល ហើយស្រីដោយនៅជាប់កូនចៅច្រើន មួយហើយមួយទៀត ព្រោះសង្គមយើងមិនទាន់យល់ដឹងពីការពន្យារកំណើតបានជាលោកមើលឃើញថា លក្ខណៈ ល្អប្រសើររបស់ស្រី្តនោះ គឺត្រូវនៅផ្ទះថែរក្សាកូន និងចេះឆ្លៀតឱកាសធើ្វកិច្ចការក្នុងផ្ទះឲ្យបានប្រពៃនោះ វាជាលក្ខណៈខ្ពង់ខ្ពស់មួយរបស់ស្រី្តទៅហើយ។
នៅក្នុងសៀវភៅជីវិតអាពាហ៍ពិពាហ៍របស់ឥន្ទបញ្ញាភិក្ខុ ហេង មណីចិន្តា លោកបាននិយាយ ពីភរិយាគ្រប់លក្ខណ៍ត្រង់កម្លាំងទី5របស់ស្រី្តនៅទំព័រទី4ថា “កម្លាំងសីលធម៌ គឺការប្រព្រឹតិ្តល្អ ក្នុងបែបបទសីលធម៌ក្នុងឋានៈជាភរិយាគ្រប់លក្ខណ៍ ទន់ភ្លន់ សុភាពរាបសា ស្គាល់ខុសស្គាល់ត្រូវ”។ ក្រៅពីនេះលោកបានលើកពីលក្ខណៈ7ប្រការរបស់ភរិយាដែលឆ្លុះគ្នាទៅនឹង7ប្រការរបស់ស្វាមីដែរនោះគឺ :
1-ពេជ្ឈឃាតស្វាមី ពេជ្ឈឃាតភរិយា
2-ចោរស្វាមី ចៅហ្វាយភរិយា
3-ចៅហ្វាយស្វាមី ចោរីភរិយា
4-បិតាស្វាមី មាតាភរិយា
5-ជេដ្វាស្វាមី អនុជភរិយា
6-ភកី្តស្វាមី ភកី្តភរិយា
7-ទាសាស្វាមី ទាសីភរិយា
ទើបលោក មៀច ប៉ុណ្ណ ទីប្រឹក្សាក្រុមជំនុំទំនៀមទម្លាប់បាននិយាយថា “ខែ្មរឲ្យតមៃ្លទៅលើលក្ខណ៍សម្រាប់ជាគ្រឿងលម្អដល់កូនស្រី ដើម្បីបានលក្ខណ៍ ឬបានឋានៈជាស្រីគ្រប់លក្ខណ៍។ ខែ្មរនិយមបញ្ចូលកូនក្នុងពិធីមួយហៅថា “ពិធីចូលម្លប់” នៅក្នុងម្លប់មួយរយៈពី3ខែ ទៅ6-9ខែទៅមួយឆ្នាំ គេទទួលផលបានលក្ខណ៍បីយ៉ាង :
1-រូបលក្ខណ៍, 2-ចរិយាលក្ខណ៍, 3-សមត្ថភាពលក្ខណ៍
ទី1 : រូបលក្ខណ៍មានន័យថា បន្ទុំសម្បុររូបរាងកាយឲ្យល្អផូរផង់នៅក្នុងម្លប់ សម្រាកសុខស្រួលពុំមានប្រកប កិច្ចការធ្ងន់ស្រាលអី្វឡើយ បរិភោកអាហារបួសនៅរាល់ថៃ្ងមករដូវ ញ៉ាំងឲ្យមានសុខភាពកាន់តែល្អ ព្រមជាមួយនឹង សម្រស់កាន់តែស្រស់ស្អាត។
ទី2 : ចរិយាលក្ខណ៍ : អប់រំសីលធម៌រស់នៅឲ្យបានសុភាពរាបសា ទន់ភ្លន់ ស័កិ្តសមជាកូនស្រី ភរិយា ជាមាតា ល្អរបស់ខែ្មរ។
ទី3 : សមត្ថភាពលក្ខណ៍ : ចេះសព្វកិច្ចការមេផ្ទះ ដាំស្ល ត្បាញរវៃ……។ល។
ក្នុងរឿងផ្កាស្រពោនរបស់លោក នូ ហាច លក្ខណសម្បតិ្តល្អរបស់នាងវិធាវី បានត្រូវរងសម្ពាធតឹងរ៉ឹង បែបប្រពៃណីខាងលើនេះយ៉ាងឥតខ្ចោះ ហើយបានជាធើ្វឲ្យនាងសុខចិត្តខាំមាត់ សង្កត់ចិត្តគោរពម្តាយ ក៏ត្រូវតែធ្វើឲ្យបាន រក្សាភកី្តភាពសេ្នហាក៏ត្រូវតែធ្វើឲ្យបាន។
សម្ពាធប្រពៃណីនេះ ធើ្វឲ្យនាងខ្លាចពាក្យតិះដៀលថា ជាស្រីខាតលក្ខណ៍ ជាបុត្រីអកត្តញ្ញូ ជាសង្សារសាវា ស៊ូខាំមាត់អត់ទ្រាំ ចម្បាំងក្នុងឱរ៉ា រហូតក្អួតឈាមស្លាប់។ នាងខ្សឹកខ្សួល តែនឹងហាមាត់ជម្រាបម្តាយតាមយោបល់នេះ ពុំរួច ដោយនាងជាយុវតីស្រគត់ស្រគំ ធ្លាប់មានកិរិយាមាយាទតាមលំអានទំនៀមទម្លាប់បុរាណចាស់ទុំជានិច្ច។ នាងមានសេចកី្តអៀនខ្មាសច្រើន មិនហ៊ានចរចាពីសេចកី្តសេ្នហាសោះឡើយ ប្រការមួយទៀតនាងគិតឃើញថា សម័យនេះ ហួសឱកាសទៅហើយ ទោះនាងប្រកែករឹងរូសដូចមេ្តច ក៏មុខជាយាយនួនគាត់បែរសមី្តថាទេវិញមិនខានឡើយ។
ក្នុងរឿង “មហោសថ” ព្រះមហោសថជាបុរសរើសប្រពន្ធ លុះបានជួបនឹងនាងអមរា មហោសថបានចោទជា ប្រស្នាជាច្រើនសាសែ្វងយល់ថា អមរាជាស្រីមានបញ្ញាលើសលប់នោះ ទើបគាត់សី្តដណឹ្តងជាភរិយា ហើយក្រោយមក នៅពេលដែលអាចារ្យចិត្តខ្មៅ4រូប ប៉ងបំបែកបំបាក់នាងពីព្រះមហោសថ ដើម្បីយាយីរំលោភបំពានលើរាងកាយនាង នាងក៏បានរកវិធីធ្វើគន្លឹះយន្ត ផ្ចាញ់អាចារ្យទាំង4នោះឲ្យដល់នូវកី្តវិនាស។
ក្នុងរឿង “ចៅស្រទបចេក” នាងកេសមាលា បានសុំពរពីព្រះរាជាឲ្យនាងមានមាត់ទិព្វក្នុងការធ្វើជាសាក្សីឲ្យចៅស្រទបចេក ដែលត្រូវសេដ្ឋីឪពុកនាងធើ្វបាប ការសុំពរនេះជាប្រាជ្ញាដ៏វាងវៃ ដែលធ្វើឲ្យនាងរក្សាបាននូវចិត្តភកី្ត ចំពោះចៅស្រទបចេកជាសង្សារផង និងការសង្គ្រោះឪពុកនាងចេញពីទោសឧក្រិដ្ឋផង។
រួមសេចកី្តមក តាមរយៈអក្សរសិល្បិ៍ខាងលើអាចឲ្យយើងសនិ្នដ្ឋាន និងឲ្យនិយមន័យស្រីគ្រប់លក្ខណ៍ថា មិនមែនស្ថិតនៅលើតែកិច្ចការផ្ទះសមែ្បង និងសីលធម៌សុភាពរាបសាទន់ភ្លន់រាក់ទាក់ប៉ុណ្ណោះទេ តែស្រីត្រូវប្រកបដោយការ ឈ្លាសវៃ ការយល់ដឹងលើផែ្នកបចេ្ចកទេស សេដ្ឋកិច្ច កិច្ចការច្បាប់តុលាការទៀតផង ដែលជាខ្នាតលក្ខណៈបរិបូណ៍ របស់ស្រី្ត។
លក្ខណ៍របស់បុរសស្រី្ត
តាមតម្រាបុរាណបានសរសេរថា បុរសដែលប្រកបដោយលក្ខណៈ26ប្រការ ហៅថាបុរសគ្រប់លក្ខណ៍គឺ :
1-ឧស្សាហ៍ខ្នះខែ្នងធើ្វការងារ រៀនសូត្រមិនប្រកាន់ខ្លួន
2-មិនចេះលួចប្លន់កេងកិបឆបោក
3-មិនឈ្លានពានចំពោះកូនប្រពន្ធអ្នកដទៃ
4-មិនរំភើបញាប់ញ័រភ័យផេ្តសផ្តាស
5-មិននិយាយកុហកភូតភរឲ្យលើសពីការពិត
6-មិននិយាយត្រាប់ឲ្យគេអៀនខ្មាស
7-បានឮដំណឹងអី្វហើយ វិនិច្ឆ័យសិនទើបជឿជាក្រោយ
8-ធើ្វការងារមិនរួសរាន់ពេក
9-មិនចេះនិយាយបំផ្លើសសើចលេង
10-ចេះទទួលភ្ញៀវពន្លឺមិនរើសមុខ
11-មានថ្នាំកែរោគបម្រុងមិនខ្វះក្នុងពេលត្រូវការ
12-មិនប្រាប់ការណ៍សម្ងាត់ដល់អ្នកដទៃ
13-មិនផ្ញើរបស់ទុកនឹងបុគ្គលមិនគួរផ្ញើ
14-មានចិត្តអត់ធន់តស៊ូមិនរួញរាចំពោះកិច្ចការ
15-មានស្វាមីភកិ្តចំពោះចៅហ្វាយ
16-មិនចេះឡិកឡក់ចំពោះស្រីក្រមុំ
17-ស្គាល់ចំណេញស្គាល់ខាត
18-រកប្រដាប់តុបតែងខ្លួនឲ្យភរិយាបុត្រធីតានិងខ្លួនឯង
19-មិនទិញជឿនូវរបស់ប្រើប្រាស់គ្រប់យ៉ាង
20-ដឹងគុណ តបគុណ សរសើរគុណនៃអ្នកមានគុណ
21-គោរពតាមឱវាទមាតា បិតា ញាតិមិត្ត និងអ្នកប្រាជ្ញ
22-ចេះអត់ទ្រាំស្តាប់នូវពាក្យដែលសី្តបន្ទោសប្រដៅ
23-មានកាយវាចាសមរម្យមិនឆ្គង
24-ឲ្យដំណឹងមនុស្សក្នុងផ្ទះហើយសឹមចេញទៅ
25-ចេះវាយប្រដៅកូនដោយរំពាត់យ៉ាងតូច
26-ខឹងឆាប់បាត់ មិនចងកំហឹងទុក
តើអី្វទៅជាស្រីគ្រប់លក្ខណ៍នោះ?
តាមតម្រាបុរាណបានសរសេរថា ស្រី្តដែលប្រកបលក្ខណៈ31ប្រការ ហៅថាស្រី្តគ្រប់លក្ខណ៍គឺ :
1-មិនចេះអេចអូចនិយាយដើមគេ
2-ចេះគួរសមទទួលមាតា បិតា និងស្វាមី
3-ដឹងគុណ តបគុណមាតា បិតា ញាតិសណ្តានទាំងពីរខាង
4-មិនចេះដេកថៃ្ង
5-មិនវងេ្វងភេ្លចមុខភេ្លចក្រោយ
6-ចេះថែទាំរបស់ទ្រព្យ
7-មិនផិតក្បត់ស្វាមី
8-មិនចេះប្រច័ណ្ឌស្វាមី
9-គ្មានកលមាយា
10-មិនរំសាយសក់ឲ្យគេឃើញ
11-មានចិត្តអត់ធន់ធ្ងន់ធ្ងរ
12-មានជើងស្រាលមិនទន្រ្ទាំក្ឌុងក្ឌាំង
13-មិនឈរ ឬអង្គុយសមែ្ញងកាយឲ្យគេឃើញ
14-មិនដើរញិកញ៉ក់កាច់រាង
15-ចេះសង្រួមភែ្នក មិនក្រេឡករឡេមរឡាម
16-មានដំណឹងល្អ មិនគ្រលែងកាយ ជំទយគូទ
17-មិនបង់បោយញាក់ស្មា គ្រលែងដើមដៃ
18-មានសំឡេងតិចច្បាស់លាស់
19-មិនចេះឡេះឡោះលេងសើច
20-មិននិយាយផ្តោះផ្តងចំពោះបុរស
21-មិនទម្រន់ធើ្វការណា ធើ្វទាល់តែហើយការនោះ
22-ទៅណាឆាប់ត្រឡប់មកវិញ
23-ចេះទុកដាក់អីវ៉ាន់ក្នុងពេលគួរទុក
24-ចេះរៀបចំផ្ទះសមែ្បង
25-ចេះតុបតែងគឿ្រងឧបភោក-បរិភោក
26-ខ្លាចចិត្តស្វាមី មាតា បិតា ហើយគោរពតាមឱវាទ
27-បរិភោកចំណីអាហារក្រោយមាតា បិតា និងស្វាមី
28-ឈប់បរិភោកមុនមាតា បិតា និងស្វាមី
29-ដេកលក់ក្រោយស្វាមី
30-ភ្ញាក់មុនស្វាមី
31-មានមេត្តាករុណាចេះធើ្វបុណ្យទាន
លក្ខណៈបុរស-ស្រី្តគ្រប់លក្ខណ៍តាមតម្រាបុរាណ ដូចបានជម្រាបជូនខាងលើនេះ បើតាមសម័យបច្ចុប្បន្នឃើញថា មានលក្ខណៈខ្លះហួសសម័យទៅហើយ ប៉ុនែ្តទោះបីយ៉ាងណាក៏ដោយ បើបុរស-ស្រី្តណាប្រកបដោយលក្ខណៈដូច បានបរិយាយជាគោលៗមកនេះ បុរស-ស្រី្តនោះ គួររាប់ថាជាមនុស្សគ្រប់លក្ខណ៍ដោយបរិបូណ៌។
សាស្រ្តាចារ្យ នួន សុភ័ណ្ឌ វិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។
មតិថ្មីៗ